![The so-called Green Pass was introduced in Italy on Friday, but its rollout has triggered protests by some who say it tramples on freedoms [Guglielmo Mangiapane/Reuters]](https://www.aljazeera.com/wp-content/uploads/2021/08/2021-08-06T082510Z_1284405839_RC2JZO92UDJS_RTRMADP_3_HEALTH-CORONAVIRUS-ITALY-GREEN-PASS-1.jpg?resize=770%2C513)
ប៉ូលីសបានរាយការណ៍ថា កំណែក្លែងក្លាយនៃ"green passes" ដែលបានណែនាំថ្មី ត្រូវបានលក់តាមអុីនធឺណិតក្នុងតម្លៃរហូតដល់ទៅ៥០០អឺរ៉ូ។
ប៉ូលីសអុីតាលីបានបិទក្រុមអ្នកលក់ប័ណ្ណក្លែងក្លាយជាច្រើន នៅលើកម្មវិធីផ្ញើសារតាមទូរស័ព្ទចល័តតេលេក្រាមដែលអ្នកប្រើប្រាស់លក់ប័ណ្ណសុខភាពកូវីដ-១៩ក្លែងក្លាយ ដែលតម្រូវឱ្យមានមុនពេលចូលប្រើសេវាកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ។
ប្រទេសអុីតាលីបានណែនាំនូវអ្វីដែលគេហៅថា លិខិតឆ្លងដែនបៃតងកាលពីថ្ងៃសុក្រ ដើមខែសីហានេះ។ ដែលវាបង្ហាញអំពី នរណាម្នាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ឬបានជាសះស្បើយពីមេរោគឆ្លងក្នុងរយៈពេល៦ខែចុងក្រោយ ឬធ្វើតេស្តអវិជ្ជមានក្នុងរយៈពេល៤៨ម៉ោងមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ដើមខែសីហានេះ ថាពួកគាត់បានរំសាយក្រុមតេឡេក្រាមចំនួន៣២ក្រុម ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេស ដែលផ្តល់ជូនប័ណ្ណក្លែងក្លាយក្នុងតម្លៃ៥០០អឺរ៉ូ (៥៨៨ ដុល្លារ) ទូទាត់ជារូបិយប័ណ្ណឌីជីថល ឬ ប័ណ្ណទិញទំនិញតាមអុីនធឺណិត។
“ អ្នកប្រើប្រាស់រាប់ពាន់នាក់ត្រូវបានចុះឈ្មោះនៅលើវេទិកាទំនាក់ទំនងល្បីៗ ដែលលិខិតឆ្លងដែនបៃតងក្លែងក្លាយត្រូវបានផ្តល់ជូនសម្រាប់លក់ដោយមានការធានាមិនបញ្ចេញឈ្មោះ ” ។
មនុស្ស៤នាក់ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតដោយសង្ស័យថាមានការក្លែងបន្លំ។
នាយករដ្ឋមន្រ្តីលោក Mario Draghi បានអនុម័តលិខិតឆ្លងដែនបៃតង ដែលប្រើទម្រង់ឌីជីថលឬ ក្រដាសដើម្បីព្យាយាមពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគDelta ដែលមានការចម្លងខ្ពស់។
ប៉ុន្តែជនជាតិអុីតាលីខ្លះនិយាយថា វាជាការបំបាត់សេរីភាព និងជាវិធីប្រយោលក្នុងការបង្ខំឲ្យចាក់វ៉ាក់សាំងឲ្យក្លាយជាកាតព្វកិច្ច។
ចាប់ពីថ្ងៃទី៦ ខែសីហា ដើម្បីចូលទៅកាន់កន្លែងហាត់ប្រាណ អាងហែលទឹក សារមន្ទីររោងកុននិងទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន គឺតម្រូវអោយមានប័ណ្ណនេះ។
ចាប់ពីថ្ងៃទី១ ខែកញ្ញានេះទៅវានឹងក្លាយជាកាតព្វកិច្ចសម្រាប់និស្សិត និងគ្រូបង្វឹកក្នុងសាកលវិទ្យាល័យមានប័ណ្ណនេះ ធ្វើដំណើរតាមរថភ្លើង យន្តហោះ និងកប៉ាល់ជាដើម។
ប្រទេសអុីតាលីបានចុះបញ្ជីការស្លាប់ចំនួន១២៨.២២០ នាក់ដោយសារកូវីដ-១៩ ចាប់តាំងពីជំងឺរាតត្បាតបានមកដល់ប្រទេសនេះកាលពីខែកុម្ភៈឆ្នាំមុន ដែលជាចំនួនអ្នកស្លាប់ច្រើនបំផុតលំដាប់ទី២នៅអឺរ៉ុបនិងខ្ពស់ជាងគេទី៨នៅលើពិភពលោក។ រហូតមកដល់ពេលនេះកំនត់ត្រាការឆ្លងមានចំនួន៤,៤លានករណី។
ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន នៅតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ទោះបីជាករណីចូលមន្ទីរពេទ្យកំពុងកើនឡើងម្តងទៀតក៏ដោយ។
យោងតាមទិន្នន័យចុងក្រោយបង្ហាញថា ប្រជាជនអុីតាលីចំនួន៦៦ភាគរយបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩យ៉ាងតិចមួយដូសហើយប្រហែល៥៥ភាគរយទៀតត្រូវបានចាក់វ៉ាក់សាំងគ្រប់ចំនួន។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ប័ណ្ណបៃតងមានប្រហែល២០លានប័ណ្ណត្រូវបានទាញយកទៅប្រើប្រាស់នៅក្នុងចំណាមប្រជាជនប្រហែល៦០លាននាក់។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល Roberto Speranza បានសរសេរនៅលើហ្វេសប៊ុកកាលពីថ្ងៃច័ន្ទថា “ វាជាចំនួនដ៏អស្ចារ្យដែលបង្ហាញពីការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសអុីតាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ” ៕
អត្ថបទដកស្រង់ពី Aljazeera
បកប្រែ និងកែសម្រួលដោយ កញ្ញា លីមួយ